នៅថ្ងៃចន្ទ ទី២០ ខែកក្កដា ដើមសប្តាហ៍នេះ អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានបើកឡានដឹកទំនិញ ដែលមានផ្ទុកទំនិញពេញទៅបំផ្ទុះក្នុងស្រុក Sayed Abad នៃខេត្ត Wardak នៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន។ ហេតុការណ៍នេះបានសម្លាប់អ្នកបំផ្ទុះគ្រាប់បែកនោះ ទាហានចំនួន០៩នាក់ និងបណ្តាលឲ្យទាហានចំនួន០៩នាក់ផ្សេងទៀតរងរបួស។
ក្រសួងការពារជាតិបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មានទាហានចំនួន០៨ នាក់ត្រូវបានសម្លាប់ និងចំនួន០៩នាក់ផ្សេងទៀតរងរបួសដោយសារមានឡានដឹកទំនិញផ្ទុកគ្រាប់បែកមួយបានកំណត់គោលដៅទៅលើក្បួនរថយន្តយោធានៅក្នុងស្រុក Sayed Abad នៃខេត្ត Wardak នៅភាគខាងកើតនៃប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃច័ន្ទ។ នៅក្នុងសេចក្តីថ្លែងការណ៍មានសេចក្តីថា៖
“ភេរវករម្នាក់បានជិះរថយន្តដឹកទំនិញ និងបានបំផ្ទុះវានៅក្បែរក្បួនរថយន្តកងទ័ពជាតិនៅក្នុងតំបន់ Jaghato ក្នុងស្រុក Sayed Abad នៅរសៀល ដោយបានសម្លាប់ខ្លួន និងទាហានចំនួន០៨នាក់” ។
សេចក្តីថ្លែងការណ៍នោះបានបន្ថែមទៀតថា ទាហានចំនួន០៩នាក់បន្ថែមផ្សេងទៀតបានរងរបួសនៅក្នុងការផ្ទុះ។ យ៉ាងណាមិញ នៅក្នុងសេចក្តីថ្លែងការណ៍មិនបានចោទប្រកាន់លើក្រុមណាមួយចំពោះការវាយប្រហារនេះទេ។
គួរបញ្ជាក់ផងដែរថា ចំណែកឯក្រុមសកម្មប្រយុទ្ធតាលីបង់ដែលមានសកម្មភាពនៅក្នុងផ្នែកខ្លះនៃខេត្ត Wardak និងរដ្ឋធានី Maidan Shahr ដែលមានចម្ងាយ៣០គីឡូម៉ែត្រខាងលិចទីក្រុងកាប៊ុលពុំបានធ្វើសេចក្តីអត្ថាធិប្បាយអ្វីនោះទេ។
No comments