(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បាននិយាយជាថ្មីឡើងវិញថា លោកនឹងមិនប្រឈមមុខដោយផ្ទាល់ជាមួយនឹងចិននោះទេ ជុំវិញជម្លោះនៅឯតំប...
(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បាននិយាយជាថ្មីឡើងវិញថា លោកនឹងមិនប្រឈមមុខដោយផ្ទាល់ជាមួយនឹងចិននោះទេ ជុំវិញជម្លោះនៅឯតំបន់ ដែនទឹកសមុទ្រចិនខាងត្បូង ដោយសុទ្ធចិត្តប្រើប្រាស់ការទូតជាវិធីដោះស្រាយបញ្ហាដ៏ល្អបំផុត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០។
លោក ឌូតឺតេ ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសុន្ទរកថាប្រចាំឆ្នាំ ទៅកាន់សភាហ្វីលីពីន នៅថ្ងៃចន្ទសប្ដាហ៍នេះ ជាមួយការសង្កត់ធ្ងន់ថា ការទូតគឺជាវិធីដោះស្រាយបញ្ហា ដ៏ល្អបំផុត ពីព្រោះជម្រើសផ្សេងទៀតគឺមានតែធ្វើសង្រ្គាម ដែលលោកមិនចង់ ហើយក៏មិនមានសមត្ថភាពនឹងធ្វើវានោះដែរ។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីហ្វីលីពីនរូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖ «ចិនបានទាមទារកាន់កាប់តំបន់សមុទ្រភាគខាងលិចហ្វីលីពីន ហើយយើងក៏កំពុងទាមទារកាន់កាប់ដូចគ្នាដែរ។ ក៏ប៉ុន្តែ ចិនមានអាវុធ រីឯយើងវិញ គ្មានទេ ហើយពួកគេក៏កំពុងកាន់កាប់តំបន់មួយចំនួនទៅហើយដែរ។ ដូច្នេះតើយើងអាចធ្វើអ្វីបាន? ច្បាស់ណាស់ថាជម្រើសផ្សេង មានតែធ្វើសង្រ្គាម តែខ្ញុំមិនអាចធ្វើវាបាន នោះទេ។ ប្រធានាធិបតីដទៃក្រៅពីខ្ញុំ ប្រហែលជាពួកគេអាចធ្វើរឿងនេះបាន។ ប៉ុន្តែសម្រាប់ខ្ញុំ គឺមិនអាចទៅរួចឡើយ ហើយខ្ញុំត្រូវតែទទួលស្គាល់ការពិតមួយនេះ»។
ដោយឡែក ខណៈមិនបានបញ្ជាក់ពីបច្ចុប្បន្នភាពលើកិច្ចព្រមព្រៀងយោធាជាមួយសហរដ្ឋអាមេរិក ដែលលោកផ្ទាល់បានបញ្ជាឱ្យលុបចោល ហើយបានផ្អាកបញ្ជានេះទៅវិញ កាលពីខែមិថុនាកន្លងទៅ លោក ឌូតឺតេ នៅតែប្រកាន់ជំហរថាមូលដ្ឋានទ័ព ឬវត្តមានកងទ័ពអាមេរិក មិនគួរមាននៅក្នុងប្រទេសហ្វីលីពីនឡើយ ដ្បិតលោកយល់ថាថាបើ សង្គ្រាមផ្ទុះឡើង នោះវានឹងមានការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដែលអាចនឹងធ្វើឱ្យប្រជាជនហ្វីលីពីនស្លាប់ផុតពូជ។
គួរបញ្ជាក់ថា នៅចំពោះមុខសភាហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក៏បានអះអាងផងដែរថាកាលពី៤ថ្ងៃមុននេះ លោកបានស្នើសុំវ៉ាក់សាំង COVID-19 ពីលោកប្រធានាធិបតីចិន ស៊ី ជិនពីង។ ហ្វីលីពីន គិតត្រឹមថ្ងៃចន្ទម្សិលមិញ មានអ្នកឆ្លង COVID-19 ៨២,០៤០នាក់ ក្នុងនោះស្លាប់ ១,៩៤៥នាក់ និងជាសះស្បើយឡើងវិញច្រើនជាង ២៦,០០០នាក់៕
ប្រភព៖ Freshnewsasia
No comments