Page Nav

HIDE

Breaking News:

latest

អ៉ីរ៉ង់ ប្រហារជីវិតបុរសម្នាក់ ដែលផ្ដល់ព័ត៌មានសំងាត់ពីលោក Soleimani ឱ្យសហរដ្ឋអាមេរិក

(តេហេរ៉ង់)៖ អ៉ីរ៉ង់ នៅថ្ងៃចន្ទនេះ បានប្រហារជីវិតពលរដ្ឋអ៉ីរ៉ង់ម្នាក់ ដែលត្រូវបានផ្ដន្ទាទោសប្រហារជីវិតពីបទស៊ើបការណ៍ និងផ្ដល់ព័ត៌មានសំងាត់ ...

(តេហេរ៉ង់)៖ អ៉ីរ៉ង់ នៅថ្ងៃចន្ទនេះ បានប្រហារជីវិតពលរដ្ឋអ៉ីរ៉ង់ម្នាក់ ដែលត្រូវបានផ្ដន្ទាទោសប្រហារជីវិតពីបទស៊ើបការណ៍ និងផ្ដល់ព័ត៌មានសំងាត់ ដែលជួយឱ្យ ទីភ្នាក់ងារចារកម្មអាមេរិក CIA និងអ៉ីស្រាអែល អាចកំណត់ទីតាំង និងសម្លាប់លោក Qassem Soleimani។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ដកស្រង់ចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០។

លោក Mahmoud Mousavi-Majd ត្រូវបានចាប់ខ្លួនកាលពីឆ្នាំ២០១៨ និងត្រូវបានតុលាការអ៉ីរ៉ង់ ផ្ដន្ទាទោសប្រហារជីវិតកាលពីខែសីហា ឆ្នាំ២០១៩។ លោក Mousavi-Majd ក៏ត្រូវបានគេជឿជាក់ផងដែរថា បានស៊ើបការណ៍សំងាត់លើឧត្ដមសេនីយ៍ និងមេទ័ពកំពូលអ៉ីរ៉ង់ជាច្រើននាក់ ក្នុងនោះរួមមានទាំងលោក Qassem Soleimani ដែលត្រូវបានសហរដ្ឋអាមេរិកផ្ដាច់ជីវិត ដោយការវាយប្រហារតាមយន្ដហោះដ្រូន នៅលើទឹកដីអ៉ីរ៉ាក់ កាលពីថ្ងៃទី០៣ ខែមករាកន្លងទៅ។

បើទោះជារដ្ឋាភិបាលទីក្រុងតេហេរ៉ង់ អះអាងថា សំណុំរឿងលោក Mousavi-Majd មិនមានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់លោក Soleimani ក៏ដោយ តែក្រុមមន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ខ្លះ ជឿជាក់ថាបុរសរូបនេះឯង គឺជាអ្នកផ្ដល់ព័ត៌មានសំងាត់ ដែលជួយឱ្យសហរដ្ឋអាមេរិក អាចកំណត់ទីតាំង និងសម្លាប់លោក Soleimani។

គួរបញ្ជាក់ថា បើតាមទីភ្នាក់ព័ត៌មានអ៉ីរ៉ង់ Tasnim លោក Mousavi-Majd ដែលទទួលបានប្រាក់ខែ ៥,០០០ដុល្លារ ពីទីភ្នាក់ងារចារកម្មអាមេរិក CIA និងអ៉ីស្រាអែល មិនមែនជាសមាជិកកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ឡើយ ប៉ុន្តែលោកអាចដឹងពីព័ត៌មានសំខាន់ៗ មួយចំនួនក្នុងនាមជាអ្នកបកប្រែ។ លោក Mousavi-Majd ត្រូវបានចាប់ខ្លួន ដោយសម្ព័ន្ធមិត្តអ៉ីរ៉ង់ គឺក្រុម Hezbollah នៅក្នុងប្រទេសស៊ីរី ដែលបញ្ជូនរូបលោកទៅឱ្យអាជ្ញាធរអ៉ីរ៉ង់កាលពីឆ្នាំ២០១៨៕

ប្រភព៖ Freshnewsasia

No comments