(បរទេស)៖ Telegram គឺជាកម្មវិធីផ្ញើសារដ៏ពេញនិយមមួយនាពេលបច្ចុប្បន្នដែលអាចប្រើបានទាំងនៅលើកំព្យូទ័រ និងទូរស័ព្ទដៃ ដែលមានអ្នកប្រើប្រាស់ប្រមាណជាង...
(បរទេស)៖ Telegram គឺជាកម្មវិធីផ្ញើសារដ៏ពេញនិយមមួយនាពេលបច្ចុប្បន្នដែលអាចប្រើបានទាំងនៅលើកំព្យូទ័រ និងទូរស័ព្ទដៃ ដែលមានអ្នកប្រើប្រាស់ប្រមាណជាង ៤០០លាននាក់នៅជុំវិញពិភពលោក។
Telegram ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ ដោយបងប្អូនប្រុសជនជាតិរុស្ស៊ី Nikolai និង Pavel Durov ដែលជាស្ថាបនិកបណ្ដាញសង្គមដ៏ល្បីនៅក្នុងប្រទេសរុស្ស៉ី។
ដំបូងឡើយ Telegram គឺត្រូវបានបង្កើតឡើងសម្រាប់ប្រើប្រាស់នៅក្នុងប្រទេសរុស្ស៊ីប៉ុណ្ណោះ ប៉ុន្តែក្រោយមក ស្ថាបនិកទាំងពីរបានជួបនឹងលោក Axel Neff ក៏សហការជាមួយគ្នាពង្រឹង និងពង្រីកការប្រើប្រាស់ឱ្យទូលំទូលាយ រហូតឈានដល់មានការចាប់អារម្មណ៍ពីសំណាក់ប្រជាជនអាល្លឺម៉ង់។
គោលដៅរួមរបស់អ្នកទាំងបីគឺពង្រីកការប្រើប្រាស់ Telegram ឱ្យបានពេញលេញពិភពលោក ប៉ុន្តែមិនរកប្រាក់ចំណូល។
Telegram ត្រូវបានចុះបញ្ជីឈ្មោះក្រុមហ៊ុនទាំងនៅអង់គ្លេស និងសហរដ្ឋអាមេរិក ប៉ុន្តែមានមូលដ្ឋាន ឬការិយាល័យកណ្ដាលស្ថិតនៅក្នុងទីក្រុងប៉ែកឡាំង ប្រទេសអាល្លឺម៉ង់ ក្រោយពីបង្កើតបានប្រមាណជា២ ទៅ៣ឆ្នាំ ដើម្បីរក្សាភាពជាឯកជនរបស់អ្នកប្រើប្រាស់ និងដើម្បីគេចចេញពីការទាមទារទិន្នន័យអ្នកប្រើ។
ពេលមកដល់អាល្លឺម៉ង់ Telegram បានក្លាយជាក្រុមហ៊ុនមួយដែលគ្មានប្រាក់ចំណូល និងមានបុគ្គលិកប្រមាណ១៥នាក់ សុទ្ធសឹងតែជាមនុស្សជំនាញខាងសរសេរកម្មវិធី ហើយបច្ចុប្បន្ននេះមានសេចក្តីរាយការណ៍មកថា ក្រុមអ្នកជំនាញរបស់ Telegram ស្ថិតនៅប្រទេសឥណ្ឌា។
នៅខែតុលា ឆ្នាំ២០១៣ ចំនួនអ្នកប្រើប្រាស់ Telegram មាន ១០០,០០០នាក់ប្រចាំថ្ងៃ និងនៅខែមីនា ឆ្នាំ២០១៤ ចំនួនអ្នកប្រើប្រចាំខែបានកើនដល់ ៣៥លាននាក់។ នៅខែតុលា ២០១៤ Telegram បានរាយការណ៍មកថា ប្រជាជនកូរ៉េខាងត្បូងចាប់ផ្តើមប្រើប្រាស់ ដែលជំរុញឱ្យចំនួនអ្នកប្រើសរុប កើនឡើងដល់ ៥០លាននាក់ និងមានសារផ្ញើឆ្លងឆ្លើយគ្នាប្រចថ្ងៃចំនួន ១ពាន់លានសារ។
នៅឆ្នាំ២០១៨ និង២០១៩ គឺជាឆ្នាំដែលជោគជ័យបំផុត ព្រោះចំនួនអ្នកប្រើប្រាស់បានកើនឡើងយ៉ាងគំហ៊ុក ដោយក្នុងរយៈ ២៤ម៉ោង មានអ្នកចុះឈ្មោះថ្មីរហូតដល់៣លាននាក់ ហើយក្រោយមកនៅខែមេសា ឆ្នាំ២០២០ ចំនួនអ្នកប្រើប្រាស់បានកើនឡើងដល់៤០០លាននាក់។
អ្វីដែលទាក់ទាញអ្នកប្រើប្រាស់ឱ្យចាប់អារម្មណ៍លើកម្មវិធី Telegram នោះគឺថា អ្នកប្រើអាចធ្វើការកែ (Edit) សារដែលបានផ្ញើក្នុងរយៈពេល៤៨ម៉ោង ហើយអាចលុបបានគ្រប់ពេលវេលាទាំងអស់ មិនថាអ្នកផ្ញើ ឬអ្នកទទួល។
ចំណែកឯកសារវិញគឺអាចផ្ញើបានជាមួយនឹងទំហំធំ និងត្រូវបានធ្វើការរក្សាទុកយ៉ាងសុវត្ថិភាព។
ចំពោះ Channel វិញគឺពិតជាអស្ចារ្យ ដោយអាចផ្ញើសារគ្មានដែនកំណត់ និងទទួលអ្នកសមាជិកឱ្យចូលក្នុង Channel គ្មានដែនកំណត់ ជាពិសេសសមាជិកដែលទើបចូលក្នុង Channel អាចមើលឃើញសារដែលទាំងអស់ ហើយ Admin អាចកំណត់ឱ្យសមាជិកណាម្នាក់មានសិទ្ធិក្នុងការផុសបាន ខណៈដែលជាទូទៅគឺសមាជិកបានត្រឹមមើលប៉ុណ្ណោះ។
កាលពីឆ្នាំ២០១៩ សារព័ត៌មាន Bloomberg បានបង្កើត Channel ផ្ទាល់ខ្លួនមួយដើម្បីពង្រីកការផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនឱ្យកាន់តែទូលំទូលាយថែមទៀត ខណៈឆ្នាំ២០២០នេះ Fresh News ក៏បានបង្កើត Channel ផ្ទាល់ខ្លួន ហើយទទួលបានការកើនឡើងជាលំដាប់ និងចែកចាយព័ត៌មានកាន់តែទូលំទូលាយ។
បើទោះជាកម្មវិធីនេះល្អ និងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់ក្ដី ក៏នៅមានបណ្ដាប្រទេសមួយចំនួននៅក្នុងពិភពលោកបានហាមឃាត់ការប្រើប្រាស់ Telegram ផងដែរ សូម្បីតែប្រទេសកំណើត។ រដ្ឋាភិបាលអ៊ីរ៉ង់បានប្រកាសបិទ Telegram ជាផ្លូវការនៅឆ្នាំ២០១៦ ខណៈចិនបិទតាំងពីឆ្នាំ២០១៥ និងនៅហុងកុងបិទនៅឆ្នាំ២០១៩។ ប្រទេសបារ៉ែន បានបិទនៅឆ្នាំ ២០១៦ និងឥណ្ឌូនេស៊ី២០១៧ ខណៈប៉ាគីស្ថាន បិទនៅឆ្នាំ២០១៧ និងឥណ្ឌានៅឆ្នាំ ២០១៩។
ចំពោះទឹកដីកំណើតរុស្ស៊ីវិញ បានបិទកម្មវិធី Telegram កាលពីឆ្នាំ២០១៨ និងកាលពីខែមិថុនា ឆ្នាំ២០២០ បានបើកឱ្យដំណើរការឡើងវិញ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន Telegram ត្រូវបានពេញនិយមនៅសហរដ្ឋអាមេរិក និងបណ្ដាប្រទេសជាច្រើននៅអឺរ៉ុប៕
ប្រភព៖ Freshnewsasia
No comments