(វ៉ាស៊ីនតោន)៖ សេតវិមានបានប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ថា សហរដ្ឋអាមេរិកបានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនស្រាវជ្រាវឱ...
(វ៉ាស៊ីនតោន)៖ សេតវិមានបានប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ថា សហរដ្ឋអាមេរិកបានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនស្រាវជ្រាវឱសថអាមេរិក ម៉ូឌែណា (Moderna) ដើម្បីទទួលបានវ៉ាក់សាំង COVID-19 ចំនួន ១០០លានដូស ក្នុងទំហំទឹកប្រាក់ប្រហែល ១.៥ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ សហរដ្ឋអាមេរិកបានចុះកិច្ចព្រមព្រៀង ជាមួយក្រមហ៊ុនជាច្រើនដើម្បីទិញវ៉ាក់សាំង COVID-19 ក្នុងតម្លៃរាប់រយលានដុល្លារ ក្នុងកិច្ចខិតខំរបស់ខ្លួន ដើម្បីទទួលបានវ៉ាក់សាំងនៅចុងឆ្នាំនេះ បើទោះបីជាក្រុមហ៊ុនទាំងនោះ មិនទាន់បានទទួលជោគជ័យជាផ្លូវការ លើការអភិវឌ្ឍវ៉ាក់សាំងរបស់ពួកគេក៏ដោយ។
ក្រុមហ៊ុន Moderna បានបញ្ជាក់នៅខែនេះថា វ៉ាក់សាំងដែលមានឈ្មោះបចេ្ចកទេស mRNA-1273 គឺស្ថិតក្នុងចំណោមវ៉ាក់សាំង ដែលបានឈានដល់ដំណាក់កាលចុងក្រោយ នៃការសាកល្បងហើយគ្រោងនឹងបញ្ចប់ នៅខែកញ្ញាខាងមុននេះ។
ក្រៅពីកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Moderna សហរដ្ឋអាមេរិកក៏បានចុះកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុន ចនសុន អ៊ែន ចនសុន (Johnson & Johnson), អាស្ត្រាហ្សេណេកា (AstraZeneca Plc), ភីហ្វីហ្សឺ (Pfizer Inc), បាយអូអីនធិច (BioNTech SE), សាណីហ្វី (Sanofi SA) និង ហ្គ្លាសូស្មីតគ្លីន (GlaxoSmithKline Plc) ផងដែរ។ តាមរយៈកិច្ចព្រមព្រៀងទាំងនេះ សហរដ្ឋអាមេរិកនឹងទទួលបានវ៉ាក់សាំង COVID-19 ច្រើនជាង ៥០០លានដូស ហើយកិច្ចព្រមព្រៀងខ្លះក៏អនុញ្ញាតឲ្យ អាមេរិកទិញវ៉ាក់សាំងបន្ថែមទៀតផងដែរ។
គួរបញ្ជាក់ថា រដ្ឋាភិបាលអាមេរិកធ្លាប់បានផ្តល់ថវិកាប្រមាណជាង ១ពាន់លានដុល្លារអាមេរិក ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Moderna ដើម្បីអភិវឌ្ឍវ៉ាក់សាំងផងដែរ ហើយរហូតមកទល់ពេលនេះក្រុមហ៊ុនក្នុងស្រុកនេះទទួលបានថវិកាសរុបប្រហែល ២.៥ពាន់លានដុល្លារអាមេរិក។ ទន្ទឹងនឹងនេះដែរ ប្រទេសផ្សេងទៀតរួមមាន ជប៉ុន អង់គ្លេស និងកាណាដាក៏បានចុះកិច្ចព្រមព្រៀងជាមួយនឹង ក្រុមហ៊ុនផលិតឱសថទាំងនេះផងដែរ៕
ប្រភព៖ Freshnewsasia
No comments