(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងកោតសរសើរថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ដែលបានចេញញត្តិថ្កោលទោសជនប្រមាថព្រះចេស្តាព្រ...
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងកោតសរសើរថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ដែលបានចេញញត្តិថ្កោលទោសជនប្រមាថព្រះចេស្តាព្រះមហាក្សត្រ តាមការស្នើរបស់សម្តេច។
សម្តេចតេជោ បានបញ្ជាក់លើហ្វេសប៊ុកព្រឹកថ្ងៃទី២៧ ខែតុលា យ៉ាងដូច្នេះ «ខ្ញុំសូមកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ
គណបក្សភ្លើងទៀន ដែលបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស អ្នកទាំងឡាយណាដែលមានចេតនាប្រមាថព្រះមហាក្សត្រ តាមការស្នើសុំរបស់ខ្ញុំ
កាលពីម្សិលមិញថ្ងៃ២៦ ខែតុលា ឆ្នាំ២០២២ នៅខេត្តកំពង់ឆ្នាំង»។
នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ គណបក្សភ្លើងទៀន បានសេចក្តីប្រកាសដោយថ្កោលទោសចំពោះជនទាំងឡាយ ដែលបានប្រមាថព្រះចេស្តាព្រះមហាក្សត្រ។
បើទោះបីសេចក្តីថ្លែងការណ៍នេះ មិនសម្តៅចំពោះឈ្មោះយ៉ាងណាក្តី តែគេអាចសន្និដ្ឋានបានថា សម្តៅទៅលើទណ្ឌិត សម រង្ស៉ី ព្រោះថាសេចក្តីថ្លែងការណ៍ធ្វើមួយថ្ងៃបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានស្នើឡើង។ ពីវេទិកាចែកពូជស្រូវនៅខេត្តកំពង់ឆ្នាំង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឱ្យមេដឹកនាំបក្សភ្លើងទៀនចេញមុខបញ្ជាក់ថា តើការនិយាយប្រមាថយ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្ររបស់ ទណ្ឌិត សម រង្ស៉ី ជារឿងត្រឹមត្រូវ ឬមិនត្រឹមត្រូវ ?
មួយវិញទៀតសេចក្តីថ្លែងការណ៍នេះ ធ្វើឡើងចំពេលដែលប្រជាពលរដ្ឋខ្មែរទូទាំងនគរ កំពុងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើដ៏សែនអាក្រក់របស់ជនក្បត់ជាតិ សម រង្ស៉ី ដែលថ្លើមធំហ៊ានជេរប្រមាថអង្គព្រះមហាក្សត្រ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតរបស់រាស្រ្តខ្មែរ។
គណបក្សភ្លើងទៀន បានបញ្ជាក់ថា «គណបក្សភ្លើងទៀន ថ្កោលទោសចំពោះបុគ្គលទាំងឡាយណា ដែលមានចេតនាប្រមាថ ឬរំលោភបំពាន ដល់អង្គព្រះមហាក្សត្រ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា»។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗ ក្នុងវេទិកាសាធារណៈមួយនៅប្រទេសបារាំង ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី បានបន្តជេរប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយចោទប្រកាន់ព្រះអង្គថាជា «ជនក្បត់ជាតិ»។
ទណ្ឌិត សម រង្ស៉ី បាននិយាយប្រមាថយ៉ាងដូច្នេះថា «ស្តេចសព្វថ្ងៃនេះ អត់មានមនសិការជាតិតែបន្តិចក៏អត់ដែរ បន្ទាប់ពី ហ៊ុន សែន ស្តេចស្រុកខ្មែរក្បត់ជាតិ ព្រោះយើងបំពេញបន្ថែមឱ្យគេ ក្បត់ជាតិពេញទីហើយ ព្រោះយើងកាត់ទឹកដីខ្មែរឱ្យបរទេស»៕
No comments