(យូអិន)៖ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) របស់អង្គការសហប្រជាជាតិ បាននិយាយថា ពិភពលោកកំពុងដកដង្ហើមធំ និងព្រួយបារម្ភកាន់តែខ្លាំង ជុំវិញល...
(យូអិន)៖ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) របស់អង្គការសហប្រជាជាតិ បាននិយាយថា ពិភពលោកកំពុងដកដង្ហើមធំ និងព្រួយបារម្ភកាន់តែខ្លាំង ជុំវិញលទ្ធភាព ដែលកូរ៉េខាងជើង អាចធ្វើតេស្តគ្រាប់បែកនុយក្លេអ៊ែរ។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០២២។
ប្រមុខ IAEA លោក រ៉ាហ្វាអែល ហ្រ្គូស៉ី (Rafael Grossi) បានលើកឡើងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា «មនុស្សគ្រប់គ្នាកំពុងដកដង្ហើមធំចំពោះរឿងនេះ ពីព្រោះការសាកល្បងអាវុធនុយក្លេអ៊ែរណាមួយ នឹងក្លាយជាការបញ្ជាក់កាន់តែច្បាស់ពីកម្មវិធីដែលកំពុងដំណើរការទៅមុខ តាមរបៀបដែលមិនគួរឲ្យជឿ និងគួរឲ្យព្រួយបារម្ភ»។
លោក ហ្រ្គូស៉ី បានប្រាប់អ្នកសារព័ត៌មានបន្ថែមថា «ជាការពិតណាស់ ការធ្វើតេស្តបន្ថែមទៀតមានន័យថាពួកគេកំពុងកែលម្អការរៀបចំ និងពង្រឹងឃ្លាំង អាវុធរបស់ពួកគេ។ ដូច្នេះ យើងកំពុងតាមដានរឿងនេះយ៉ាងដិតដល់។ ហើយយើងសង្ឃឹមថាវានឹងមិនកើតឡើងនោះទេ»។
គួរបញ្ជាក់ថា ភាពភ័យខ្លាចនៃការសាកល្បងគ្រាប់បែកនុយក្លេអ៊ែររបស់កូរ៉េខាងជើង បានកើតមានឡើងជាថ្មី ក្រោយពេលដែលទីក្រុងព្យុងយ៉ាង នាពេលថ្មីៗនេះ បានបាញ់ផ្លោងមីស៉ីលរយៈចម្ងាយខ្លី និងរយៈចម្ងាយឆ្ងាយ ដែលបានធ្វើឲ្យប្រទេសជិតខាងកូរ៉េខាងត្បូង និងជប៉ុន ព្រួយបារម្ភអំពីចេតនារបស់កូរ៉េខាងជើង៕
No comments