(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០, ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលរៀបចំដោយកម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន និងត្រូវបិទបញ្ចប់ នៅព្រឹ...
(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០, ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលរៀបចំដោយកម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន និងត្រូវបិទបញ្ចប់ នៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះហើយ។ ការទទួលភារៈកិច្ចជាលើកទី៣របស់កម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ាន និងរៀបចំកិច្ច នៃកិច្ចប្រជុំដ៏មានសារៈមួយនេះ ត្រូវបានមើលឃើញថា ទទួលបាននូវជោគជ័យមួយដ៏ត្រចះត្រចង់។
មុននឹងឈានដល់ការបិទបញ្ចប់កិច្ចប្រជុំ នៅព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំកិច្ចប្រជុំចំនួនពីរទៀត គឺកិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៧។
កិច្ចសន្ទនាអាស៊ានជាសាកល នឹងមានការយាង និងអញ្ជើញចូលរួមដោយមេដឹកនាំ កំពូលរបស់អាស៊ាន និងប្រទេសដៃគូសន្ទនា ព្រមទាំងថ្នាក់ដឹកនាំអង្គការសកល ជាច្រើនទៀត មានដូចអង្គការសហប្រជាជាតិ, សហភាពអឺរ៉ុប, ធនាគារអភិវឌ្ឍអាស៊ី ADB, វេទិកាសេដ្ឋកិច្ចពិភពលោក និងអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ជាដើម។
ដោយឡែកកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នឹងមានការយាង និងអញ្ជើញចូលរួមពីសំណាក់មេដឹកនាំកំពូលអាស៊ាន ជាមួយមេដឹកនាំប្រទេសចំនួន៨ផ្សេងទៀត រួមមាន ចិន អាមេរិក រុស្ស៉ី អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា និងនូវែលហ្សេឡង់។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំទាំងពីរខាងលើនេះ សម្តេចតេជោ ហ៊ុន សែន នឹងប្រកាសបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០, ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងប្រគល់ញញួរផ្ទេរតួនាទីប្រធានអាស៊ាន ប្តូរវេនសម្រាប់ឆ្នាំ២០២៣ ជូនលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី។
សូមបញ្ជាក់ថា កិច្ចប្រជុំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០, ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានចាប់ផ្តើមកាលពីថ្ងៃទី១០ ខែវិច្ឆិកា ដោយមានកម្មវិធី និងកិច្ចប្រជុំសំខាន់ចំនួន...រួមមាន៖ ១) មេដឹកនាំអាស៊ានយាង និងអញ្ជើញចូលបង្គំគាល់ព្រះមហាក្សត្រ, ២) កិច្ចប្រជុំកំពូលអាស៊ាន ជាមួយអន្តរសភាអាស៊ាន (AIPA), ៣) កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំអាស៊ាន ជាមួយតំណាងយុវជនអាស៊ាន, ៤) កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំអាស៊ាន ជួបជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន, ៥) កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០, ៦) កិច្ចប្រជុំកំពូលអាស៊ានលើកទី៤១, ៧) កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥, ៨) កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូងលើកទី២៣, ៩) កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១២, ១០) កិច្ចប្រជុំកំពូលអាស៊ានបូកបីលើកទី២៥, ១១) កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី១៩, ១២) កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី២, ១៣) កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២៥, ១៤) កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី១០, ១៥) កិច្ចប្រជុំកំពូលខួបអនុស្សាវរីយ៍អាស៊ាន-កាណាដា, ១៦) កិច្ចសន្ទនាអាស៊ានជាសកលលើកទី២ និង ១៧) កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៧។
ទន្ទឹមនឹងការមមាញឹកដឹកនាំកិច្ចប្រជុំដូចបានរៀបរាប់ខាងលើហើយនោះ សម្តេចតេជោ ក៏បានឆ្លៀតជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយមេដឹកនាំកំពូលអាស៊ាន, មេដឹកនាំប្រទេសដៃគូសន្ទនា ព្រមទាំងថ្នាក់ដឹកនាំអង្គការសកលនានា ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំនៅកម្ពុជាផងដែរ។
កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុជាចុងឆ្នាំ២០២២នេះ ប្រធានបទដែលលិចធ្លោ ហើយត្រូវបានលើកយកមកជជែកគ្រប់កិច្ចប្រជុំនោះ គឺបញ្ហាវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាសមាជិកអាស៊ាន និងបញ្ហាសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ បញ្ហាបន្ទាប់ គឺបញ្ហានៅឧបទ្វីបកូរ៉េ។
ដោយឡែកបញ្ហាសមុទ្រចិនខាងត្បូង នៅតែត្រូវបានលើកមកជជែក តែមិនមានសភាពក្តៅដូចបញ្ហាមីយ៉ាន់ម៉ា និងអ៊ុយក្រែន ដែលនាំឱ្យកម្ពុជាជាប្រធានអាស៊ាន លំបាកប្រឈមមុខដូចពេលធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០០២ និង២០១២នោះឡើយ។
សមិទ្ធផលលិចធ្លោដែលគួរកត់សម្គាល់ក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះ គឺការបានក្លាយជាសមាជិកអាស៊ានទី១១ របស់ប្រទេសទីម័រខាងកើត បន្ទាប់ពីការប្រឹងប្រែងក្រោមការជួយជ្រោមជ្រែងយ៉ាងខ្លាំងពីកម្ពុជា អស់រយៈពេល ១១ឆ្នាំ។ ជោគជ័យមួយទៀតនោះ ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ ប្រទេសដៃគូសន្ទនារបស់អាស៊ានចំនួនពីរ គឺឥណ្ឌា និងអាមេរិក ត្រូវបានដំឡើងកម្រិតទំនាក់ទំនងទៅជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ខណៈប្រទេសជប៉ុន ក៏ផ្តល់សញ្ញាណល្អ ក្នុងការយល់ព្រមលើកកម្ពស់កម្រិតទំនាក់ទំនង «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ជាមួយអាស៊ានផងដែរ ហើយគ្រោងនឹងប្រកាសនៅឆ្នាំ២០២៣ ក្នុងជំនួបប្រជុំកំពូលអាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ។
លទ្ធផលដែលគួរឱ្យសម្គាល់មួយទៀតនោះ ក្នុងឋានៈជាប្រធានអាស៊ាននៅឆ្នាំនេះ កម្ពុជា បានប្រឹងប្រែង សម្របសម្រួលរហូតធ្វើឱ្យប្រទេសចំនួន៧បន្ថែមទៀត បានក្លាយជាសមាជិកសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការរបស់អាស៊ាន (TAC) ដែលក្នុងនោះរួមមានទាំងប្រទេសអ៊ុយក្រែនផងដែរ។
កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុជា គេក៏សង្កេតឃើញផងដែរថា ប្រទេសអ៊ុយក្រែន ដែលរងការឈ្លានពានពីប្រទេសរុស្ស៉ី តាមរយៈលោក ដីមីត្រូ គូលេបា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានប្រឹងប្រែងស្វះស្វែងរកកិច្ចគាំទ្រនានា ពីប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូសន្ទនារបស់អាស៊ាន។ លោករដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនរូបនេះ ក៏ក្លាយជាតួអង្គដែលទទួលបានសមានចិត្តអានិតអាសូរច្រើនពីក្នុងព្រឹត្តិការណ៍នៅកម្ពុជា ក្នុងនាមជាអ្នករងគ្រោះដោយភ្លើងសង្គ្រាម។ ព័ត៌មានទាំងនៅកម្ពុជា និងលើឆាកអន្តរជាតិ សុទ្ធតែបានផ្តល់ក្បាលមេក្រូ ជូនលោករដ្ឋមន្ត្រី ដើម្បីបរិយាពីទុក្ខសោករបស់ខ្លួន។
ជារួមមកព្រឹត្តិការណ៍នៃការជួបជុំដោយផ្ទាល់រវាងមេដឹកនាំកំពូលរបស់អាស៊ាន និងដៃគូសន្ទនាជាថ្មី បន្ទាប់ពីខកខានអស់រយៈពេលពីរឆ្នាំ ដោយសារជំងឺកូវីដ១៩នោះ គឺជាជោគជ័យមួយដ៏ត្រចះត្រចង់សម្រាប់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន។ ក្រៅតែពីចំណោមប្រទេសសមាជិកអាស៊ាន មេដឹកនាំកំពូលនៃប្រទេសដៃគូសន្ទនារបស់អាស៊ាន សុទ្ធតែបានសរសើរពីការដឹកនាំ និងឋានៈប្រធានអាស៊ានរបស់កម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន៕
No comments