Page Nav

HIDE

Breaking News:

latest

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា លោក កែវ រតនៈ នឹងនាំក្រុមហ៊ុនមីនេបៀ ដែលជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន ទៅពិនិត្យលទ្ធភាពបង្កើតរោងចក្រ នៅខេត្តពោធិ៍សាត់

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងបង្ហើបឲ្យដឹងថា លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិ...


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងបង្ហើបឲ្យដឹងថា លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា នឹងនាំក្រុមហ៊ុន មីនេបៀ ដែលជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន ទៅពិនិត្យលទ្ធភាពបង្កើតរោងចក្រ នៅខេត្តពោធិ៍សាត់។

ការបង្ហើបឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួប១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ របស់ជប៉ុន នៅក្នុងប្រទេសកម្ពុជា នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «តាមដឹងលោក កែវ រតនៈ រាយការណ៍ឲ្យខ្ញុំ ថានឹងនាំលោក យ៉ូស៊ីហ៉ីសា កៃនុម៉ា នាយកប្រតិបត្តិក្រុមហ៊ុនមីនេបៀ ទៅខេត្តពោធិ៍សាត់ ដើម្បីទៅដាក់រោងចក្រមួយ ដែលមានកម្លាំង៩០មេហ្កាវ៉ាត់ នៅទីនោះស្រាប់ ដែលប្រើដោយពន្លឺព្រះអាទិត្យ»។

ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើសិនជាមានការតម្លើងរោងចក្រមួយទៀត នៅខេត្តពោធិ៍សាត់ គឺសម្ដេចប្រាប់ឲ្យតម្លើងនៅក្បែរនោះ ហើយយកថាមពលចេញពីពន្លឺព្រះអាទិត្យ ដើម្បីផ្គត់ផ្គង់រោងចក្រតែម្ដង។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា បញ្ហាការវិនិយោគនៅកម្ពុជា បើនិយាយពីជប៉ុនមកវិនិយោគនៅកម្ពុជា ចំណុចសំខាន់មានតែ២ទេ ដែលជប៉ុនសួរមុនគេ គឺទីមួយ៖ ទាក់ទិនជាមួយនឹងតម្លៃអគ្គិសនី ព្រោះរឿងនេះ វាទាក់ទងនឹងផលចំណេញ និងទីពីរ៖ ទាក់ទិនជាមួយនឹងពលកម្មជំនាញ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រាប់ឲ្យត្រូវតែជំរុញ ការបណ្ដុះបណ្ដាលធនធានមនុស្ស ឲ្យកាន់តែច្រើន ហើយក្រុមហ៊ុនមីនេបៀ មិនមែនគ្រាន់តែពង្រីក៦ពាន់នាក់នោះទេ នឹងមានការពង្រីក បន្ថែមទៀត ដែលនេះ ត្រឹមជាដំណាក់កាល ត្រឹមឆ្នាំទី១១ ហើយក្រុមហ៊ុនមីនេបៀ មិនមែននៅជាមួយកម្ពុជា ត្រឹម២០-៣០ឆ្នាំទេ គឺអាចនៅជាមួយកម្ពុជាយូរជាងនេះ។

សូមបញ្ជាក់ថា ក្រុមហ៊ុនមីនីបៀ ជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន ដែលបានវិនិយោគនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១០ ដោយផលិតជាម៉ូទ័រសម្រាប់នាំចេញ ទៅលក់នៅក្រៅប្រទេស។ បច្ចុប្បន្នក្រុមហ៊ុនមានផលិតអំពូល LED និងសម្ភារៈក្មេងលេងកម្សាន្តផងដែរ។

ក្រុមហ៊ុនធ្លាប់បានបញ្ជាក់ថា នៅពេលនេះទុនវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា មានរហូតដល់ទៅ ៦០០លានដុល្លារអាមេរិក និងផ្តល់ការងារជូនពលរដ្ឋខ្មែរបានជាង ៦ពាន់នាក់។ បច្ចុប្បន្នក្រុមហ៊ុននេះ បានដាក់ទុនវិនិយោគសរុបរហូតដល់ ១,១២៤ពាន់លានយេន ស្មើនឹងជាង ៨ពាន់លានដុល្លារ នៅ ៩៥កន្លែងទូទាំងពិភពលោក៕

No comments