Page Nav

HIDE

Breaking News:

latest

ឯកឧត្តមទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង និងអភិបាលខេត្តកំពត ប្រាប់បេក្ខជនប្រឡងបាក់ឌុប ត្រូវបញ្ចេញឲ្យអស់ពីសមត្ថភាពដើម្បីទទួលបានជោគជ័យ

(កំពត)៖ លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត នៅព្...




(កំពត)៖
លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ បានដឹកនាំប្រតិភូ អមដំណើរ និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យ និងលើកទឹកចិត្តដល់សិស្សានុសិស្សដែលជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងបើកវិញ្ញាសាប្រឡង នៅសាលាវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុន កំពតក្រុង ស្ថិតក្នុងសង្កាត់កំពុងកណ្ដាល ក្រុងកំពត។

នាឱកាសនោះលោក ម៉ៅ ធនិន បានលើកទឹកចិត្តដល់សិស្សានុសិស្សដែលជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ត្រូវខិតខំបញ្ចេញសមត្ថភាពរបស់ខ្លួនដែលបានសិក្សាកន្លងមកដើម្បីទទួលបានលទ្ធផលល្អ ក្នុងការប្រឡងក្នុងឆ្នាំនេះ។

លោកអភិបាលខេត្តបន្ដថា បេក្ខជនប្រឡងទាំងអស់ ត្រូវតែខិតខំប្រឹងប្រែងប្រឡងដោយសមត្ថភាពរបស់ខ្លួន ហើយគោរពទៅតាមបទបញ្ជាផ្ទៃក្នុង ដែលបានដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា និងត្រូវប្រកាន់ភ្ជាប់ នូវគោលការណ៍ «អ្នកចេះ គឺជាប់» ហើយត្រូវធ្វើយ៉ាងណាខិតខំឲ្យទទួលបាននូវនិទ្ទេសល្អៗគ្រប់ៗគ្នា ពិសេសត្រូវប្រឹងប្រែងយកឲ្យបាននូវនិទ្ទេស A ឲ្យបានច្រើនជាងឆ្នាំមុនៗ។

ក្រោយពីបានចុះពិនិត្យ និងបើកវិញ្ញារួចមក លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ក៏បានវាយតម្លៃថា ការរៀបចំការប្រឡងនៅខេត្តកំពត គឺមានលក្ខណៈល្អប្រសើរ ត្រឹមត្រូវ សុក្រិត យុត្តិធម៌ និងបានលើកទឹកចិត្តដល់សិស្សានុសិស្ស ត្រូវប្រមូលអារម្មណ៍ កុំភ័យ ហើយត្រូវខិតខំបញ្ចេញសមត្ថភាព ដែលខ្លួនមានទាំងអស់ ដើម្បីយកនិទ្ទេសល្អឲ្យបានកាន់តែច្រើន សម្រាប់ខេត្តកំពតមួយនេះ។

បើតាម លោក តាក់ ហាប់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពត បានឲ្យដឹងថា ខេត្តកំពត មានមណ្ឌលប្រឡង ចំនួន១០មណ្ឌល ក្នុងនោះផ្នែកវិទ្យាសាស្ត្រ ៣មណ្ឌល និងផ្នែកវិទ្យាសាស្ត្រសង្គម ៧មណ្ឌល ស្មើ២១៥បន្ទប់ និងមានបេក្ខជនប្រឡង ជាង៥ពាន់នាក់។

លោកប្រធានមន្ទីរបានបន្ថែមថា ក្នុងការប្រឡងនេះ គឺមានការចូលរួមរៀបចំដោយយកចិត្តទុកដាក់ ពីគណៈកម្មការជាច្រើន មានដូចជា គណៈកម្មការមេប្រយោគទូទាំងប្រទេស, គណៈកម្មការអប្បមាទ និងគណៈកម្មការអនុរក្ស ប្រធាន អនុប្រធានមណ្ឌល រហូតដល់អនុរក្ស ហើយក្នុងនោះ ក៏មានការចូលរួមសហការ ពីអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។

ដំណើរការប្រឡងនៅព្រឹកនេះ ប្រព្រឹត្តទៅបានល្អ ហើយដោយការយកចិត្តទុកដាក់បង្ហាត់បង្ហាញប្រាប់គន្លឹះ ពីលោកបណ្ឌិត ប៉ែន ស៊ីម៉ន និងថ្នាក់ដឹកនាំ ជួយជ្រោមជ្រែងលើកទឹកចិត្តសិស្សផងនោះ លោកសង្ឃឹមថាឆ្នាំនេះ នឹងទទួលបានលទ្ធផលល្អជាងឆ្នាំមុន ដែលឆ្នាំមុនខេត្តកំពតមានសិស្សទទួលបាននិទ្ទេស A ចំនួន៧៥នាក់៕




No comments