(សៀមរាប)៖ តំណាងគណៈកម្មការរៀបចំទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី២៧ នៅអង្គរវត្ត ខេត្តសៀមរាប បានសម្ដែងការអបអរ ចំពោះភាពជោគជ័យក្នុ...
(សៀមរាប)៖ តំណាងគណៈកម្មការរៀបចំទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី២៧ នៅអង្គរវត្ត ខេត្តសៀមរាប បានសម្ដែងការអបអរ ចំពោះភាពជោគជ័យក្នុងការរៀបចំ និងការបើកឲ្យជនបរទេសនៅក្រៅប្រទេសចុះឈ្មោះចូលរួមឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ហើយមានការចូលរួមយ៉ាងច្រើនពីសំណាក់អត្តពលិកអន្ដរជាតិ ពិសេសលោកបានកោតសរសើរជនបរទេសមកពីឆ្ងាយៗ ដូចជាអង់គ្លេស បារាំង និងអាមេរិកជាដើម ដែលបានចូលរួមច្រើនជាងគេ ។
នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បន្ទាប់ពីព្រឹត្តិការណ៍កីឡា និងទេសចរណ៍ខាងលើ បានដំណើរការរៀបចំដោយរលូន និងជោគជ័យ ដោយមានកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិចូលរួមសរុប ៧,៥៤៣នាក់ មកពី ៦៩ប្រទេសលើពិភពលោក ក្នុងនោះមានអត្តពលិកកម្ពុជា ៥,៨១៤នាក់ និងអត្តពលិកអន្ដរជាតិ ១,៧២០នាក់ ហើយអ្នករត់មកពីបរទេសច្រើនជាងគេ គឺមានអង់គ្លេស បារាំង និងសហរដ្ឋអាមេរិក ។
លោកថា ឆ្នាំនេះ មានអ្នកចូលរួមកើនឡើងជាងពីឆ្នាំមុន ដោយសារឆ្នាំមុន ជាឆ្នាំទី១ នៃបុរេព្រឹត្តិការណ៍ ឃើញថា មានអ្នកចូលរួមតិចតួច ហើយមានបរទេសតែប៉ុន្មានរយនាក់ទេ ប៉ុន្ដែឆ្នាំនេះ មានអ្នកចូលរួមជិត ៨ពាន់នាក់ ហើយមានបរទេសច្រើន ដែលបង្ហាញពីសហភាពការមួយវិជ្ជមាន សម្រាប់ទៅឆ្នាំក្រោយទៀត ។ ម្យ៉ាងការរៀបចំមានសុវត្ថិភាពល្អ អ្នកចូលរួមបង្ហាញពីភាពសប្បាយរីករាយ ចំពោះការគិតគូរពីប្រព័ន្ធសុវត្ថិភាពរបស់គណៈកម្មការរៀបចំ ។ លើសពីនេះ គណៈកម្មការរៀបចំក៏បានលើកតម្កើងនៅកីឡាជនពិការចូលរួមកាន់តែច្រើន ក្នុងន័យលើកកម្ពស់សិទ្ធិរបស់ជនពិការ។ តាមរយៈនេះ លោកសង្ឃឹមឆ្នាំក្រោយ នឹងមានអ្នកចូលរួមច្រើនដល់ខ្ទង់ម៉ឺននាក់ឡើងវិញ ។
លោក វ៉ាត់ ចំរើន បន្ថែមថា «អ្វីដែលយើងកោតសរសើរ សម្រាប់អ្នកដែលមករត់ច្រើនជាងគេ មកពីឆ្ងាយៗ ដូចជាអង់គ្លេស់ បារាំង និងសហរដ្ឋអាមេរិក ។ នេះជាសញ្ញាណមួយ ក្នុងការទាក់ទាញដល់ទេសចរណ៍ និងអ្នករត់ផ្សេងៗទៀត ព្រោះការរត់នេះ គឺរត់ដើម្បីទេសចរណ៍ និងស្តាឡើងវិញនៃទេសចរណ៍ រត់ដើម្បីសប្បុរសធម៌ រត់ដើម្បីជួយដល់ជនរងគ្រោះដោយសារមីន រត់ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ ក៏ដូចជាមន្ទីរពេទ្យគន្ធបុប្ផា ដែលយើងតែងតែផ្តល់ជូនជារៀងរាល់ឆ្នាំ ។ អ៊ីចឹងអ្វីដែលយើងធ្វើ គឺដើម្បីសប្បុរសធម៌ និងការចែករំលែកនូវភាគផលមួយចំនួន ដល់អង្គការផ្សេងៗទៀត។ ដូច្នេះយើងសង្ឃឹមថា ឆ្នាំក្រោយ យើងនឹងធ្វើឲ្យបានល្អជាងនេះ និងគ្រប់គ្រងការរៀបចំឲ្យកាន់តែប្រសើរផងដែរ» ។
ដោយឡែកលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC បានបង្ហាញសុទិដ្ឋិនិយម ក្រោយឃើញសន្ទុះនៃការចូលរួមទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិអង្គរឆ្នាំនេះថា «បន្ទាប់ពីបុរេព្រឹត្តិការណ៍ចាប់ផ្ដើមក្នុងឆ្នាំ២០២១ ក្រោយវិបត្តិកូវីដ-១៩ ថ្ងៃនេះ មានសញ្ញាណបញ្ជាក់ពីការចេញដំណើរក្នុងការស្ដារវិស័យទេសចរណ៍ឡើងវិញយ៉ាងលឿន និងមានភាពវិជ្ជមានគួរជាទីសង្ឃឹមក្នុងការស្រូបយកភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិឡើងវិញបានឆាប់រហ័ស ។ ពិតណាស់ កម្ពុជាបានក្លាយជាគោលដៅទេសចរណ៍សុវត្ថិភាពមុនគេ និងផ្ដល់នូវភាពកក់ក្ដៅជាទីបំផុត ក្រោមម្លប់នៃសន្ដិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ» ។
ក្រឡេកមកចាប់អារម្មណ៍លទ្ធផល នៃការរត់ប្រណាំងនៅតំបន់អង្គរខាងលើវិញ រួមមានវិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្របុរស ចំណាត់ថ្នាក់បលេខ១ បានទៅកីឡាករខ្មែរ-ជប៉ុន Takizaki Kuniaki ដោយប្រើថិរវេលា ១:១៨:១៣.៩២ម៉ោង លេខ២ កីឡាករកម្ពុជា គង់ សម្បត្តិ ប្រើពេល ១:១៩:១៥.៣៩ ម៉ោង និងលេខ៣ បានទៅកីឡាករជប៉ុន Takaki Miyake ប្រើពេល ១:២០:៤៩.៦០ម៉ោង ។ រីឯលទ្ធផលរត់ ២១គីឡូម៉ែត្រនារី លេខ១ បានទៅកីឡាការិនីអាមេរិក Nickel Lindsey ប្រើថិរវេលា ១:៣៤:៤៧.៦៣ម៉ោង លេខ២ កីឡាការិនីហ្វាំងឡង់ Routtinen Teija ប្រើពេល ១:៣៧:០២.៧០ម៉ោង និងលេខ៣ បានទៅកីឡាការិនីជប៉ុន Ota Natsuko ប្រើពេល ១:៤១:១៣.៩៣ ម៉ោង ។ លើសពីនេះ ក៏មានការបែងចែកលើវិញ្ញាសារត់ប្រណាំង ក៏ដូចជារទេះជនពិការចម្ងាយ ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រផ្សេងទៀតផងដែរ ៕
No comments