Page Nav

HIDE

Breaking News:

latest

សម្ដេចតេជោ សាទរថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា ទទួលជ័យលាភីលេខ១ លើឆាកអន្តរជាតិ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានអបអរសាទរ​ ដល់ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data eXchange ហៅកាត់ថា Ca...


ភ្នំពេញ ៖
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានអបអរសាទរ​ ដល់ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data eXchange ហៅកាត់ថា CamDX) ទទួលបានជ័យលាភីលេខ១ លើឆាកអន្តរជាតិ។យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ នេះ​បាន​ឱ្យ​ដឹង​ថា «សូមអបអរជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែល ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data eXchange ហៅកាត់ថា CamDX) ត្រូវបានប្រកាសទទួលជ័យលាភី Open Source Adaptation of the Year ពីកម្មវិធីពានរង្វាន់អនាគតរដ្ឋាភិបាល (Future of Government Awards ) ដែលបានសហការគាំទ្រ ដោយអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP), Amazon Web Service Institute នៃក្រុមហ៊ុនអន្តរជាតិអាម៉ាហ្សូន, និងបណ្តាញសាកលសម្រាប់រដ្ឋាភិបាល Apolitical ដែលមានគម្រោងចូលរួមប្រកួតប្រជែងចំនួន ១៥០ និងមកពី ៥២ ប្រទេស សម្រាប់កម្មវិធីទាំងមូល»។

សម្ដេចតេជោ បន្ដថា កម្ពុជា ជាប្រទេសមួយក្នុងគម្រោងចំនួន១០ ដែលមកពីប្រទេសចំនួន៨ទៀត ស្ថិតក្នុងបញ្ជីសម្រាំង (Shortlisted) ក្នុងផ្នែកជ័យលាភី Open Source Adaptation រួមមាន កាណាដា, ចក្រភពអង់គ្លេស, អាហ្វ្រិកខាងត្បូង, ប៉ាគីស្ថាន, ហ្គីណេប៊ីសូ (Guinea-Bissau), អាហ្សង់ទីន, ហ្វីលីពីន និងបេណាំង ហើយចុងក្រោយត្រូវបានសម្រេច ពីគណកម្មការវាយតម្លៃអន្តរជាតិចំនួន ១៧រូប ឱ្យឈ្នះជ័យលាភីលេខ១ ប្រចាំឆ្នាំ ២០២២នេះ។

សម្ដេចតេជោ បន្ថែមថា ពានរង្វាន់នេះ ជាមោទនភាពថ្មីមួយទៀតរបស់កម្ពុជា លើឆាកអន្តរជាតិ និងជាការទទួលស្គាល់ថា កម្ពុជាបានចាប់យកឱកាស និងបានប្រើប្រាស់ដោយជោគជ័យ នូវបច្ចេកវិទ្យាឌីជីថល ជាពិសេសថ្នាល CamDX ក្នុងការជួយដល់ការងារកែទម្រង់ និងការធ្វើទំនើបកម្មរដ្ឋបាលរបស់ខ្លួន។ នៅក្រោមម្លប់សុខសន្តិភាព, កម្ពុជាមិនត្រឹមតែមានឱកាស កសាងហេដ្ឋារចនាសម្ព័នរូបវន្តជាច្រើននោះទេ, ប៉ុន្តែកំពុងតែបោះជំហានឆ្ពោះទៅការកសាងសេដ្ឋកិច្ច និងសង្គមឌីថលមួយរស់រវើក និងប្រកបដោយបរិយាប័ន្ន។

ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាលទាំងអស់ និងសូមលើកទឹកចិត្តវិស័យឯកជន ចូលរួម និងប្រើប្រាស់ សំដៅទាញយកប្រយោជន៍ជាអតិបរមាពីថ្នាល និងបច្ចេកវិទ្យាពាក់ព័ន្ធនៃប្រព័ន្ធអេកូឡូស៊ីរបស់ CamDX ។ ថ្នាល CamDX ដែលអភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់ដោយ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាថ្នាលបច្ចេកវិទ្យាឌីជីថលមួយឈរនៅកណ្តាល និងជាឆ្អឹងខ្នង ដែលអនុញ្ញាតឱ្យប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន របស់ក្រសួង-ស្ថាប័ន អាចចែករំលែកទិន្នន័យរវាងគ្នា និងគ្នា ដើម្បីបង្កើតជាសេវាសាធារណៈអនឡាញផ្សេងៗ។ គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២, ថ្នាល CamDX បានជួយឱ្យការចុះបញ្ជីអាជីវកម្ម តាមប្រព័ន្ធអនឡាញសម្រេចបានចំនួន ១៩ ៨២៣ ក្រុមហ៊ុន ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ៥,៦ ប៊ីលានដុល្លារអាមេរិក ដោយប្រើប្រាស់រយៈពេល ជាមធ្យមត្រឹមតែ ៨ ថ្ងៃនៃថ្ងៃធ្វើការប៉ុណ្ណោះ ។

លើសពីនេះ សមាជិករបស់ CamDX បច្ចុប្បន្នក្នុងក្របខណ្ឌចុះបញ្ជីអាជីវកម្ម រួមមាន ក្រសួងមហាផ្ទៃ, ក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារ, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងទេសចរណ៍, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ ប្រព័ន្ធវាយតម្លៃហានិភ័យ អ្នកដំណើរតាមផ្លូវអាកាស (Global Travel Assessment System- GTAS) នៃអគ្គ-នាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បាននិងកំពុងផ្លាស់ប្តូរទិន្នន័យ នៅលើថ្នាលនេះជាមួយនឹង ក្រុមហ៊ុនអាកាសចរណ៍ផងដែរ៕

No comments